Friday, March 4, 2016

ដំណើរទស្សនកិច្ចលោកឪពុក អែនជេល ហ្វេណាន់ដេស អារទីមី ជាអគ្គមហាអធិការនៃ ដុន បូស្កូ ទូទាំងពិភពលោក


ខេត្តកែបៈ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦ នៅរសៀលម៉ោង ៥:០៥នាទីល្ងាចសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប បានរៀបចំកម្មវិធីទទួលស្វាគមន៍លោកឪពុក អែនជេល ហ្វេណាន់ដេស អារទីមី មកពីទីក្រុងរ៉ូម ជាអគ្គមហាអធិការគ្រប់គ្រងនៃមូលនិធិ ដុន បូស្កូ ទូទាំងពិភពលោក និងជាអ្នកស្នងដំណែងទី១០ពីលោឪពុកបូស្កូ

ការធ្វើដំណើរទស្សនកិច្ចរបស់លោកឪពុកគឺជាលើកទី០១ហើយ សម្រាប់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ក្នុងឱកាសនោះផងដែរ សាលាក៏បានរៀបចំកម្មវិធីដ៏ពិសេសសម្រាប់ឲ្យលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតទាំងអស់ សរសេរនូវសំបុត្រមួយម្នាក់មួយច្បាប់ ដើម្បីដាក់ក្នុងប្រអប់ទុករយៈពេលជិត១០០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ រហូតដល់ ឆ្នាំ២១១៥ សម្រាប់ឲ្យកូនចៅជំនាន់ក្រោយបើកអានអត្ថន័យក្នុងសំបុត្រនោះ។ ចំពោះអត្ថន័យនៅក្នុងសំបុត្រនោះគឺចង់ឲ្យអ្នកសរសេរនិយាយរៀបរាប់ពីអ្វីដែលខ្លួនបានសិក្សានៅសាលា ទាំងការរស់នៅ ការហូបចុក ការអប់រំ ការបណ្តុះបណ្តាល ការអភិវឌ្ឍសាលា និងជាពិសេសគឺគោលដៅរបស់សាលា បន្ថែមលើសពីទៅទៀត គឺចង់ឲ្យអ្នកសរសេរអ្វីដែលជាសេចក្តីសង្ឃឹម និងជាការរំពឹងទុករបស់សាលាទៅថ្ងៃអនាគតផងដែរ។
សម្រាប់ដំណើរទស្សនកិច្ចរបស់លោកឪពុក អែនជេល ហ្វេណាន់ដេស អារទីមី មកកាន់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប គឺបានបង្កឲ្យមានភាពសប្បាយរីករាយនិងជាឱកាសសម្រាប់ឲ្យលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងជាពិសេសសម្រាប់ក្មេងៗឲ្យបានជួបជាមួយលោកឪពុក ហើយក៏ជាឱកាសមួយដែលលោកឪពុកបានមកសួរសុខទុក ផ្តល់ក្តីស្រទ្បាញ់ និងផ្តល់ជាស្នាមញញឹមដល់កូនៗព្រមទាំងក្មេងៗដែលកំពុងសិក្សានៅទីនោះផងដែរ។
គួរបញ្ចាក់ផងដែរថា ការសរសេរសំបុត្រទុករយៈពេលជិត១០០ឆ្នាំ គឺជាលើកទី០១ហើយ សម្រាប់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ដើម្បីទុកឲ្យកូនចៅ ឬ អ្នកជំនាន់ក្រោយបានអាន និងយល់ដឹងពីសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ឲ្យកាន់តែច្បាស់ថែមទៀត៕

0 comments:

Post a Comment